ឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញអោយអាជ្ញាធរពាក់ព័ន្ធនៃខេត្តព្រៃវែងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ
ព្រៃវែង៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃជំរុញអោយអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តព្រៃវែងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រសាសន៍ជំរុញធ្វើ ឡើងខណៈអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តព្រៃវែងលោក សួន សុម៉ាលីន ជំនួសលោក ជា សុមេធី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។
បន្ថែមពីនេះ លោកអភិសន្តិបណ្ឌិត បានផ្តាំផ្ញើដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
នាឱកាសនោះលោកអភិសន្តិបណ្ឌិត ស សុខាក៏បានលើកឡើងពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេសក៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់បាវចនា៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត៥ គឺការធានាឲ្យបានកំណើនសេដ្ឋកិច្ច, ការបង្កើតការងារឲ្យបានកាន់តែច្រើន, ការសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
ជាមួយគ្នានេះត្រូវបន្តផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជាការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រីឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារឲ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ