ភ្នំពេញ ៖ បន្ទាប់ពីបានស្ទាបស្ទង់ដោយប្រុងប្រយ័ត្ន និងដោយការទទួលខុសត្រូវ លើការប្រើប្រាស់លុយដុល្លារអាមេរិក ដែលមានសភាពចាស់ ទក់ ឬរហែកតិចតួច នៅខេត្តសៀមរាបហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ បានប្រកាសឱ្យចរាចរណ៍ លុយដុល្លារអាមេរិកចាស់រហែកតិចតួច នៅទូទាំងប្រទេសតែម្តង។

ការប្រកាសរបស់សម្តេចធិបតី ធ្វើឡើង ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាអាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ។

ក្នុងឱកាសនោះ សម្តេចធិបតី បានពន្យល់ថា ការដាក់ឱ្យសាកល្បងនៅខេត្តសៀមរាប ដោយសារខេត្តសៀមរាប ជាគោលដៅអាទិភាព។ ជាមួយគ្នានេះ សម្តេចធិបតី ចង់ដឹងពីការវាយតម្លៃថា តើក្រោយការបើកឱ្យទទួលនៅខេត្តសៀមរាបរួចហើយ តើលំហូរលុយដុល្លារអាមេរិក ចូលមកកាន់កម្ពុជាយ៉ាងណា ដោយសារខ្លាចថាកម្ពុជា ជាកន្លែងនាំចូលលុយដុល្លារអាមេរិក ចាស់ ឬរហែក។
 

សម្តេចធិបតី មានប្រសាសន៍ថា “យើងត្រូវដើរដោយប្រុងប្រយ័ត្ននិងទទួលខុសត្រូវ នេះហើយបានជាយើងដាក់ចេញសាកល្បងនៅខេត្តសៀមរាប អីចឹងខ្ញុំឱ្យវាយតម្លៃឱ្យខ្ញុំភ្លាម មកដល់ម៉ោងនេះ តើយ៉ាងមិច លោកជំទាវ ជា សេរី បានប្រាប់ខ្ញុំថា មកដល់ម៉ោងនេះ មានការកើន ប៉ុន្តែយើងអាចរ៉ាប់រ៉ងបានអី ចឹងខ្ញុំបានអនុញ្ញាតថា ឥឡូវចេញប្រកាសតែម្តង ឱ្យអនុវត្តទូទាំងប្រទេសតែម្តង គឺចាប់ផ្តើមធ្វើតែម្តង។ អីចឹងធនាគារជាតិ និងចេញសេចក្តីណែនាំ គឺយើងទទួលលុយ ដែលប្រឡាក់ដែលដាច់តិចតួច នៅទូទាំងប្រទេស ពីថ្ងៃនេះតទៅ (២សីហា២០២៤) ដើម្បីសម្រួល” ។

ទោះជាយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តលើកទឹកចិត្ត ឱ្យប្រើប្រាស់ប្រាក់រៀលកម្ពុជា ឱ្យបានច្រើន និងនាំគ្នាជំរុញការប្រើប្រាស់លុយរៀលកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ