អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ
ភ្នំពេញ ៖ ក្រោយប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អាជ្ញាធរជាតិអប្សរា បានជូនដំណឹងពីការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់។
បើតាមសេចក្តីជូនដំណឹង ក្នុងគោលដៅបង្កភាពងាយស្រួលក្នុងការថតវីដេអូ ឬរូបភាពសន្លឹកក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានជូនអំពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មីពាក់ព័ន្ធ ៣ចំណុចដូចខាងក្រោម៖
ក៖ រាល់ការថតក្នុងគោលបំណងបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ និងត្រូវបង់ប្រាក់ ដែលរួមមាន ដូចជា៖
១៖ ការថតភាពយន្តខ្នាតធំ-តូចគ្រប់ប្រភេទ។
២៖ ការថតវីដេអូ និងរូបភាពសន្លឹក ដើម្បីផលិតចម្រៀងកាយវិការ, កម្មវិធីកម្សាន្ត, វីដេអូឯកសារ, ត្បិតពាណិជ្ជកម្ម, សៀវភៅមគ្គុទ្ទេសក៍, ការបោះពុម្ពកាតាឡុក និងទស្សនាវដ្តី ជាដើម សម្រាប់ ការផ្សព្វផ្សាយ ទាំងលក្ខណៈក្នុងស្រុក និងអន្តរជាតិ។
៣៖ ការថតវីដេអូ និងរូបភាពសន្លឹក ដោយឧបករណ៍ដ្រូន។
ខ៖ រាល់ការថតក្នុងគោលបំណងមិនបម្រើឱ្យអាជីវកម្ម តម្រូវឱ្យដាក់ពាក្យស្នើសុំ តែមិនត្រូវបង់ប្រាក់ ដែល មានដូចជា ការថតរបស់អង្គភាពសារព័ត៌មានផ្លូវការ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណង ផ្សព្វផ្សាយ។
គ៖ រាល់ការថតទាំងឡាយណាដែលមិនមានចែងក្នុងចំណុច (ក) និង (ខ) ខាងលើ មិនតម្រូវឱ្យដាក់ពាក្យ ស្នើសុំ និងមិនចាំបាច់ត្រូវបង់ប្រាក់ ដោយរាប់បញ្ចូលទាំងការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tiktok…) ដោយទូរសព្ទដៃ ឬម៉ាស៊ីនថតផ្ទាល់ខ្លួននានា និងការថតរូបក្នុងសម្លៀកបំពាក់ អាពាហ៍ពិពាហ៍ ឬសម្លៀកបំពាក់ប្រពៃណីជាតិ ឬអន្តរជាតិ សម្រាប់ការចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន។
អាជ្ញាធរជាតិអប្សរា ក៏បានភ្ជាប់ជូននូវតារាងសេវា និងតារាងតម្លៃសេវាពាក់ព័ន្ធថ្មីរបស់អាជ្ញាធរជាតិអប្សរា ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលសេវា កម្មនៃអាជ្ញាធរជាតិអប្សរា តាមរយៈលេខទូរសព្ទ ០១២ ៤៤៥ ០៨៨ ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រជុំជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ និងការបន្ធូរបន្ថយលក្ខខណ្ឌក្នុងការថតរូប និងការស្លៀកពាក់បែបប្រពៃណីនៅរមណីយដ្ឋានអង្គរ ដោយបានចេញគោលការណ៍ថ្មីសម្រាប់ការថតរូបដែលមិនបាច់សុំច្បាប់ និងការថតរូបដែលត្រូវតែសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ