កោះកុង ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជា កំពុងត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត តាមរយៈរោងចក្រឧស្ម័នធម្មជាតិ ៩០០មេហ្គាវ៉ាត់ ដើម្បីស្ថិរភាពតម្លៃភ្លើង ការអភិវឌ្ឍប្រទេស និងទាក់ទាញការវិនិយោគទុនពីបរទេស។

ការលើកឡើងយ៉ាងដូច្នេះរបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព ៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តី ក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ និងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្តាញអគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគត ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។

លោក កែវ រតនៈ បានចាត់ទុកថា រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព ៩០០មេហ្គាវ៉ាត់ ជាប្រភពអគ្គិសនីធំជាង ហើយក៏ជាប្រវត្តិសាស្រ្តមួយដែលកម្ពុជាទទួលបានដំបូងផងដែរ គ្រារោងចក្រនេះជាខ្នងបង្អែកមួយតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនីរបស់ជាតិ បម្រើដល់ការទាក់ទាញការវិនិយោគទុនផ្នែកឧស្សហកម្ម រក្សាលំនឹងថាមពលរដ្ឋ និងឈានដល់ការមិនខ្វះអគ្គិសនីទៅថ្ងៃមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ