អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ណែនាំឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាទូកចម្លង ដឹកអ្នកដំណើរគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយតាមដានការព្យាករណ៍អាកាសធាតុនៅមុនពេលចេញដំណើរ ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀង។ មួយវិញទៀត ត្រូវគោរពវិធានការណែនាំរបស់មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួន និងចូលរួមក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេសច្បាប់ស្តីពីការ ដឹកជញ្ជូនតាមផ្លូវទឹក។
បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ការដែលអគ្គនាយកដ្ឋានណែនាំដូច្នេះ បន្ទាប់ពីសង្កេតឃើញថា កន្លងមកមានទូកដែលប្រើសម្រាប់ដឹកជញ្ជូនជាលក្ខណៈគ្រួសារមួយ ចំនួនពុំបានអនុវត្តតាមការណែនាំរបស់មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ស្ដីពីបញ្ហាអាកាសធាតុ និងសុវត្ថិភាពនាវាចរណ៍នៅឡើយ។
ប្រភពដដែល បន្តថា បច្ចុប្បន្ននេះស្ថានភាពអាកាសធាតុនៅតាមបណ្តាខេត្តមួយចំនួនកំពុងបន្តមានភ្លៀងធ្លាក់ខ្លាំងនាំឱ្យកម្ពស់ទឹកជំនន់នៅមានកម្រិតខ្ពស់ បូករួមចរន្តទឹកនៅមានល្បឿនលំហូរខ្លាំងដែលអាចជាកត្តាបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិក្នុងអំឡុងពេលធ្វើដំណើរតាមនាវា-ទូកចម្លង ដឹកអ្នកដំណើរគ្រប់ប្រភេទ ជាពិសេសទូកដែលប្រើសម្រាប់ដឹកជញ្ជូនជាលក្ខណៈគ្រួសារ។ ដូចេ្នះ ម្ចាស់អាជីវកម្ម កំពង់ចម្លង ម្ចាស់នាវា នាវិក និងអ្នកបើកបរនាវា-ទូកចម្លងដឹកអ្នកដំណើរគ្រប់ប្រភេទចូលរួមសហការនិងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕