នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកតី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងឱកាសនៃជំនួប លោកមនាយករដ្ឋមន្ត្រីឡាវ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍។

លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តមនាយករដ្ឋមន្ត្រីចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។

សម្ដេចបវរធិបតី និងលោកនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ និងសន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទេសទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ