ស្វាយរៀង ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត ត្រូវទប់ស្កាត់ឱ្យបានជាដាច់ខាត នូវសកម្មភាពឆ្លងដែនខុសច្បាប់ ការចរាចរគ្រឿងញៀនឆ្លងដែនខុសច្បាប់ អាវុធជាតិផ្ទុះ ទំនិញគ្មានគុណភាព ជាពិសេសការនាំចូលម្ហូបអាហារ។

នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ទាំងការផ្ដល់សេវាឆ្លងដែនជូនអ្នកដំណើរ កិច្ចការពារបូរណភាពទឹកដី ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាវុធខុសច្បាប់ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្រ្តីច្រកទ្វាព្រំដែន ទាំងព្រំដែនគោក និងអាកាស គឺជាបុគ្គលទី១ តំណាងឱ្យជាតិ និងប្រជាជនកម្ពុជា ដែលទទួលស្វាគមន៍ភ្ញៀវប្រទេសអញ្ជើញមកពីគ្រប់ជាតិសាសន៍លើពិភពលោក។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំមន្រ្តីនគរបាលច្រកទ្វារទាំងអស់ ប្រកាន់អាកប្បកិរិយាឱ្យបានសមរម្យ ថ្លៃថ្នូរ និងប្រកបដោយក្រមសីលធម៌។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីស្លៀកពាក់ឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ រក្សាអនាម័យនិងសោភណ្ឌភាពកន្លែងបំពេញការងារ និងទីតាំងក្នុងដែនសមត្ថកិច្ចឱ្យបានល្អ ហើយថ្នាក់ដឹកនាំត្រូវតែផ្ដល់ឱ្យមន្រ្តីនូវបរិយាកាសបំពេញការងារប្រកបដោយការលើកទឹកចិត្ត ទាំងការដំឡើងស័ក្ដិ ការបណ្ដុះបណ្ដាលជំនាញបន្ថែម រួមទាំងឌីជីថល ព្រមទាំងត្រូវធានាឱ្យបានថា មន្រ្តីទាំងអស់ មានភារកិច្ចត្រូវអនុវត្តប្រកបដោយគុណភាព។

ក្រៅពីនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ថា «ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត ទប់ស្កាត់ឱ្យបានជាដាច់ខាតនូវសកម្មភាពឆ្លងដែនខុសច្បាប់ ការចរាចរគ្រឿងញៀនឆ្លងដែនខុសច្បាប់ អាវុធជាតិផ្ទុះ ទំនិញគ្មានគុណភាព ជាពិសេសការនាំចូលម្ហូបអាហារ និងត្រូវមានកិច្ចសហការឱ្យបានល្អជាប្រចាំជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមានផ្សេងៗ និងលើកកម្ពស់ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក»។

លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានអ្នកដំណើរចេញ ចំនួន ៧៦៥ ០៥៦នាក់ ស្មើ ១៥៦សញ្ជាតិ និងអ្នកដំណើរចូល ចំនួន ៧៣៥ ១៥៨នាក់ មាន ១៥៤សញ្ជាតិ សរុបកើនឡើងជាង ១សែននាក់ រួមទាំងកំណើនភ្ញៀវបរទេស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ