លោកឧបនាយករដ្ឋមន្ដ្រី ស សុខា និងលោក សាយ សំអាល់ ឯកភាពជំរុញការរៀបចំផែន ការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកបដោយផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាជន។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ លោក ស សុខា និងលោក សាយ សំអាល់ សហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានវាយតម្លៃខ្ពសចំពោះការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី ចំនួន ៣១ កន្លងទៅ ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពរៀបចំស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល បន្ថែម ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តបន្ទាប់។
លោក ស សុខា និងលោក សាយ សំអាល់ ក៏បានចាត់ទុកការរៀបចំដែនដី និងប្លង់គោលនេះ ពិតជារួមចំណែកក្នុងការពារការទន្ទ្រានដីកម្មសិទ្ធិសាធារណៈ និងឯកជនរបស់រដ្ឋ ទប់ស្កាត់ទំនាស់ដីធ្លី ពិសេសគឺរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ កសិកម្ម និងទីផ្សារអចលវត្ថុ ដែលប្រភពចំណូលដ៏សំខាន់នៃខឿនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទាំងពីរ ឱ្យបន្តសហការគាំទ្រ ចូលរួមសហការបណ្តុះបណ្តាល ប្រមូលធាតុចូល និងបង្កើនសមត្ថភាពជំនាញសម្រាប់ការងាររៀបចំផែនការ អនុវត្តផែនការ និងតាមដានត្រួតពិនិត្យការអនុវត្តផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រោមជាតិផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ