ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ តទៅ រាល់ការចេញចូលតាមច្រកអាកាស របស់ភ្ញៀវជាតិ និងអន្តរជាតិ នឹងមានភាពងាយស្រួលជាងមុន ដូចនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន តាមរយៈការបំពេញបែបបទ និងបង់លុយជាដើម គឺត្រូវប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ។

ការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នារាត្រីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ។

ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា លំហូរនៃការចេញចូលនៅតាមប្រទេសនីមួយៗ តាមផ្លួវអាកាសប្រទេសភាគច្រើនគឺលែងប្រើប្រដាស ជំនួសដោយការប្រើតាមប្រព័ន្ធអនឡាញ ក្នុងនោះទាំងការបង់ប្រាក់ផងដែរ។ សម្តេច ថា «កម្ពុជា ក៏ត្រូវដើរតាមនេះដែរ»។

សម្តេចធិបតី ក៏បានបញ្ជាក់ថា «ឥឡូវយើងបាន ឯកភាព និងរៀបចំ ចេញជាប្រព័ន្ធអេឡិចត្រូនិកទាំងអស់។ នៅស្ទើរមួយ គឺការបង់លុយកន្លងទៅ គឺត្រូវបង់ជាក្រដាសដដែល ឥឡូវខ្ញុំបានឱ្យសម្របសម្រួល ការងារនឹង បានឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំ ហើយឱ្យចាប់ពីថ្ងៃ១ ខែ៩នេះទៅ នៅព្រលានយន្តហោះយើងទាំង៣ ទាំងការបង់ពន្ធ ទាំងការដាក់ពាក្យសុំវីសារ ទាំងវីសារ On Arrival និងវីសារខាងក្រៅដែលធ្វើរួចហើយ គឺប្រើអេឡិចត្រូនិកទាំងអស់ ចឹងទេសចរនិងអ្នកដែលមក មិនចាំបាច់ប្រើក្រដាសទៀតទេ នឹងជួយសម្រួលស្រួល និងសម្រួលបានច្រើន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងសុខាភិបាល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានដាក់ឲ្យអនុវត្តនូវការស្នើសុំទិដ្ឋាការតាមអនឡាញ និងការបង់លុយតាមអនឡាញបានជាច្រើន។ សម្ដេច អះអាងថា «ប្រព័ន្ធនៃការគ្រប់គ្រងនេះ គឺរៀបចំដោយកូនខ្មែរតែម្ដង មិនមែនកម្មវិធីដែលរៀបចំដោយបរទេសនោះទេ»។

បន្ថែមពីនេះ សម្ដេចធិបតី បានណែនាំឱ្យអ្នកដែលពាក់ព័ន្ធទាំងអស់ ពិសេសនៅច្រកទ្វារព្រលានយន្ដហោះតែម្ដង ត្រូវតែធ្វើបដិសណ្ឋារកិច្ចចំពោះអ្នកធ្វើដំណើរចូលមកប្រទេសកម្ពុជាឱ្យបានល្អ ព្រោះការធ្វើបដិសណ្ឋារកិច្ចល្អ គឺជាមធ្យោបាយគន្លឹះក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនថែមទៀតផងដែរ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ