ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ពេលនេះ ក្រុមការងាររុករក និងសង្គ្រោះ មិនទាន់អាចទាន់បញ្ជូនសាកសពអាកាសយានិកទាំងពីររូប តាមឧទ្ធម្ភាគចក្រ មកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំង។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៣០ កក្កដា នេះ ថា ព្រឹកថ្ងៃនេះ វេលាម៉ោង១០:៣០នាទី ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ បានរកឃើញសាកសពអាកាសយានិកទី២ គឺអាកាសយានិក ស៊ុន ផល្លា ដែលនៅចម្ងាយ ២១០ម៉ែត្រ ពីឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបេសកកម្មហ្វឹកហ្វឺន នៅចំណុចឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រសួង បញ្ជាក់ថា «ពេលនេះក្រុមការងាររុករក និងសង្គ្រោះមិនទាន់អាចទាន់បញ្ជូនសាកសពតាមឧទ្ធម្ភាគចក្រមកកាន់ទីបញ្ជាការស្រាលបានទេ ដោយសារមេឃកំពុងភ្លៀងខ្លាំងនៅតំបន់នោះ»។

ក្រសួងការពារជាតិ ក៏បានកោតសរសើរដល់ ក្រុមការងាររុករក និងសង្រ្គោះ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងអាកាស កងទ័ពជើងគោក យោធភូមិភាគទី៥ គណៈបញ្ជាការខេត្ត ដែលបានបំពេញភារកិច្ច ក្នុងប្រតិបត្តិការរុករក និងសង្រ្គោះនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពអង់អាច។

ជាមួយការជូនដំណឹងនេះ ក្រសួងការពារជាតិ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព។ ការពលីជីវិតរបស់អាកាសយានិក ទាំង២រូបនេះ គឺជាការបាត់បង់នូវធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទជាពិសេសកងទ័ពជើងអាកាស ដែលគួរឲ្យសោកស្តាយបំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ