ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ ២០២៤ នេះ នឹងប្រារព្ធធ្វើឡើងក្នុងទ្រង់ទ្រាយធំ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីប្រារព្ធព្រះរាជពិធីនេះដោយជោគជ័យ សម្តេចធិបតី បានណែនាំឱ្យ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។

សម្តេចធិបតី បានលើកទឹកចិត្តដល់បណ្តាខេត្ត ក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នា ដើម្បីបង្កើតផលិតផលទេសចរណ៍ ឱ្យបានច្រើនដើម្បីក្រុមហ៊ុនទេសចរណ៍អាចលក់កញ្ចប់ទេសចរណ៍ក្នុងស្រុកបាន។

សម្តេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំឱ្យរៀបចំ អង្គរសង្ក្រាន្ត និងសង្ក្រាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជនជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ