ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤។  

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី៧៤,៨៨២នាក់ មណ្ឌលប្រឡងសរុប២៣០មណ្ឌល ត្រូវជា៥,៥៣៣បន្ទប់។

ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានា នៅក្នុងដំណើរការសំណេរសរុប ១៨,៧២៤នាក់ ក្នុងនោះទីស្តីការក្រសួង ៦១៨នាក់ និងរាជធានី-ខេត្ត ១៨,១០៦នាក់។ គរុសិស្ស គរុនិស្សិត ដែលបានចូលរួមជាជំនួយការអប្បមាទមានចំនួន២,៩៤២នាក់។

គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធានមណ្ឌលគណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស បានបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវ ព្រមទាំងមានកិច្ចសហការល្អ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ចំនួនបេក្ខជនអវត្តមានសរុប ២,៤០៦នាក់ ស្រី៩១៥នាក់ ត្រូវជា១,៧៦ភាគរយ នៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១,៩៩០នាក់ ស្រី៧៣៨នាក់ ត្រូវជា ៨២.៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប។

ចំនួនបេក្ខជនមានបញ្ហាសុខភាពសរុប ១៣៦នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាព ហើយមិនអាចបន្តការប្រឡងបានមានចំនួន ១០នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែក មានចំនួន ២២នាក់ បេក្ខជនជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន៧នាក់។ គណៈមេប្រយោគនានា និងជំនួយការអប្បមាទ ដែលមានបញ្ហាសុខភាព និងមិនអាចបន្តភារកិច្ចបានមានចំនួន ៤៦នាក់។

នៅតាមមណ្ឌលប្រឡងនីមួយៗមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីជានៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

ដោយឡែក មណ្ឌលប្រឡងមួយចំនួននៅខេត្តកោះកុង និងខេត្តស្ទឹងត្រែង ជួបប្រទះបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនីមួយរយៈខ្លី នៅរសៀលថ្ងៃទី១ ប៉ុន្តែបានបន្តដំណើរការវិញដោយប្រក្រតី។ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន្ត រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាទឹកលិច និងបានផ្លាស់ប្តូរបន្ទប់ប្រឡងនៅថ្ងៃទី២។

បេក្ខជន និងអនុរក្សដែលបានប្រើប្រាស់ ឬយកទូរសព្ទចូលក្នុងបន្ទប់ប្រឡងមានចំនួន ៥ករណី។ បេក្ខជនដែលមិនបានមកប្រឡងនៅម៉ោងដំបូង រួចហើយទាមទារចូលប្រឡង នៅម៉ោងបន្ទាប់មាន ៣ករណី។

ដំណើរការសំណេរបានបញ្ចប់នៅម៉ោង ១៦៖៣០រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ហឹបសន្លឹកកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ព្រមទាំងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរការកំណែ។

ជារួម ដំណាក់កាលសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។

តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌល ប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ