សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត»
8 ម៉ោង មុន
កំពត ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត»។
សូមជម្រាបជូនថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលអនុវត្តការសាងសង់ដោយក្រុមហ៊ុន អេស.ប៊ី.ភី.អេច អ៊ិនជីនារីង & ខន់ស្ត្រាក់សិន ខូអិលធីឌី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុន អេស ប៊ី ខេ រីស៊ើច អេនឌីវេឡុបមេន និងបានប្រើប្រាស់ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីប្រមាណ ១០លានដុល្លារអាម៉េរិក រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារការិយាល័យជាដើម៕