សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យកងវិស្វកម្មធ្វើផ្លូវឱ្យដល់តំបន់កន្ទុយនាគ ដែលស្ថិតនៅក្នុងគម្រោង CLV ដើម្បីធ្វើឱ្យខេត្តទាំង ៤នោះ កាន់តែរីកចម្រើន
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យកងវិស្វកម្មធ្វើផ្លូវឱ្យដល់តំបន់កន្ទុយនាគ ដែលស្ថិតនៅក្នុងគម្រោង CLV ដើម្បីធ្វើឱ្យខេត្តទាំង៤នោះ កាន់តែរីកចម្រើន ពង្រីកកំណើនទេសចរណ៍ និងឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរទៅទីនោះ ដោយមិនបាច់ឆ្លងកាត់ពីខាងវៀតណាម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។
តំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ