អ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើង ៦ចំណុច ចំពោះរបងការពារបូរណភាពទឹកដីដ៏រឹងមាំ របស់កម្ពុជា
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងចំនួន ៦ចំណុច ចំពោះរបងការពារបូរណភាពទឹកដីដ៏រឹងមាំ របស់កម្ពុជា ខណៈប្រជាពលរដ្ឋបានទៅតាំងទីលំនៅ តាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើង ដែលធ្វើឱ្យតំបន់ព្រំដែន មានសកម្មភាពរស់រវើក។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា របងការពារបូរណភាពទឹកដីដ៏រឹងមាំ របស់កម្ពុជា មានដូចជា៖
១. កម្ពុជាមានបង្គោលព្រំដែនដ៏រឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាង ដើម្បីកសាងរបងផ្ទះឱ្យបានច្បាស់លាស់ និងមាំទាំក្នុងគោលបំណងធានាឱ្យបាននូវបូរណភាពទឹកដីរបស់ខ្លួន ឱ្យបានជាដាច់ខាត។
២. ផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងឡើងភ្លាមៗ ក្រោយពីបង្គោលព្រំដែនត្រូវបានបោះរួច ដើម្បីធ្វើជាខ្សែក្រវាត់ទី២ បន្ទាប់ពីបង្គោលខ័ណ្ឌសីមា។ ផ្លូវនេះមានសារសំខាន់ណាស់ ពីព្រោះវាមិនគ្រាន់តែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលតាមបណ្តោយព្រំដែន និងអាចដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារដោយងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែមានផ្លូវ គឺមានការអភិវឌ្ឍ។ ការអភិវឌ្ឍតាមបណ្តោយព្រំដែន គឺជាគ្រឹះដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។
៣. ប៉ុស្តិ៍នគរបាលត្រូវបានសាងសង់ជាហូរហែនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែន ដើម្បីរក្សាការពារបូរណភាពទឹកដីផង និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនផង។ នេះគឺជាសក្ខីភាពដែលបញ្ជាក់ថា «តំបន់ជាប់ព្រំដែនមិនត្រូវបានបោះបង់ចោលឡើយ»។ ផ្ទុយទៅវិញ គឺជាតំបន់ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល។
៤. ប្រជាពលរដ្ឋបានទៅតាំងទីលំនៅ តាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើង ដែលធ្វើឱ្យតំបន់ព្រំដែនមានសកម្មភាពរស់រវើក ដូចជា ការលក់ដូរ វត្តអារាម សាលារៀន ការប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ និងការនេសាទត្រីជាដើម។ ប្រជាពលរដ្ឋទាំងនោះហើយដែលជាឆ្មាំការពារបូរណភាពទឹកដីដ៏រឹងមាំ។ រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ព្រំដែននៅគ្រប់ទីកន្លែង។
៥. កម្ពុជាមានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី។ ទាំង សម្តេចតេជោ ទាំង សម្តេចធិបតី បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ បង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន ប៉ុស្តិ៍នគរបាលព្រំដែន និងវត្តមានប្រជាពលរដ្ឋនៅតាមព្រំដែន ព្រមទាំងការជំរុញការអភិវឌ្ឍតំបន់ព្រំដែន រួមទាំងវិធានការនានា ដូចជា ការមិនអនុញ្ញាតឱ្យពលរដ្ឋលក់ឬជួលដីតាមព្រំដែនឱ្យប្រទេសជិតខាង និងមិនអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិដីធ្លីនៅកម្ពុជាជាដើម គឺជាចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។
៦. រាជរដ្ឋាភិបាលមានគោលនយោបាយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមជាយដែន។ ចំណុចទាំងឡាយដូចបានលើកឡើងខាងលើសុទ្ធសឹងជាយុទ្ធសាស្ត្រស៊ីជម្រៅ និងជាក់លាក់ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្ស និងស្ថិតស្ថេរចីរកាលជារៀងរហូតសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕