រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋាន ផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ជូនពលរដ្ឋ បានជាង៣ពាន់សេវា
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់បេសកកម្មធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ មកជួបជុំកម្សាន្តអបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម។
ជាក់ស្តែងនាថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ពោលគឺភ្លាមៗក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយមុនចង់សប្ដាហ៍កន្លងទៅនេះ មន្ត្រីនគរបាលបានសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានសរុបចំនួន ៨៤៤សន្លឹក។
ខណៈប្រជាជនកំពុងឆ្លៀតឱកាសនៅស្រុកកំណើតស្រាប់ដើម្បីស្នើសុំសេវា ក្នុងរយៈពេល២ថ្ងៃនោះដែរ មន្រ្តីនគរបាលក៏បានផ្ដល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋបានចំនួន ៦៣២ក្បាល លិខិតធ្វើដំណើរចំនួន៤៣ក្បាល សៀវភៅស្នាក់នៅចំនួន ៦៦៤ក្បាល និងសៀវភៅគ្រួសារចំនួន ៤១៧ក្បាលផងដែរ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លទ្ធផលការងារនេះជាស្មារតីគោរពវិជ្ជាជីវៈ និងឆន្ទៈស្រឡាញ់ប្រជាជនរបស់មន្រ្តីនគរបាល រួមទាំងអាជ្ញាធរ និងថាសកម្មភាពនេះដើរស្របគោលការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមមាគ៌ាដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អ្នកនាំពាក្យក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋាន ដែលបន្តប្រក្រតីភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេស បានមើលឃើញអំពីសារសំខាន់ដែលប្រជាពលរដ្ឋអញ្ជើញទៅកាន់ទីលំនៅឋាន ក្នុងឱកាសឆ្នាំថ្មីអាចនឹងមានតម្រូវការណាមួយក្នុងការស្នើសុំសេវា ដោយមន្ត្រីបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបំពេញនូវរាល់សេវាផ្សេងៗ ទោះបីជាពួកគាត់ទើបតែបញ្ចប់ភាពនឿយហត់ក្នុងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់នាឱកាសឆ្នាំថ្មីក៏ដោយ៕