ភ្នំពេញ ៖ លោក Wu Qian នាយកការិយាល័យព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិន បាន ឆ្លើយតបចំពោះទំនាក់ទំនងចិន-កម្ពុជាអំពីទំនាក់ទំនងយោធាប្រទេសទាំងពីរគឺមានរឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពជាបងប្អូនរឹងមាំដូចថ្ម។ នេះបើតាមការផ្សាយរបស់គណៈរដ្ឋមន្រ្តីកម្ពុជា។

ការលើកឡើងរបស់លោក Wu Qian បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្រោយមានប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនបាននិយាយបង្ខូចបង្អាប់ទំនាក់ទំនងចិននិងកម្ពុជាជាពិសេសទៅលើវិស័យយោធា។

ករណីនេះ លោក Wu Qian ឆ្លើយថា ការលើកឡើងដែលពាក់ព័ន្ធអំពីទំនាក់ទំនងមិនល្អរវាងកម្ពុជា-ចិន គឺជាការប្រឌិតទាំងស្រុង ជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរវាងប្រទេសទាំងពីរ។ លោកថា «ចិននិងកម្ពុជាជាមិត្តដែកថែប ដែលចេះចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីររឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម»។

អ្នកនាំពាក្យក្រសួងការពារចិន បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ យោធានៃប្រទេសទាំងពីរបានរក្សាទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ ទទួលបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។

ភាគីទាំងពីរ បានរៀបចំសមយុទ្ធរួម «នាគមាស» ចំនួនប្រាំមួយលើក និងលំហាត់សមយុទ្ធ “ទេវតាសន្តិភាព” ប្រកបដោយជោគជ័យ ព្រមទាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យនានា ដូចជាសាលាយោធា ការងារដោះមីន និងព័ត៌មានជាដើម។ ថ្មីៗនេះ ក្រសួងការពារជាតិកម្ពុជា បានផ្តល់មេដាយជូនដល់សាលាយោធាដែលផ្តល់ជំនួយពីចិនដល់កម្ពុជា និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធា ដែលបានផ្តល់ជំនួយដោយចិននៅកម្ពុជា។

បន្ថែមពីលើនេះទៀត លោក Wu Qian ថា ជំហានបន្ទាប់ យោធាចិននឹងធ្វើការជាមួយភាគីកម្ពុជា ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរបានសម្រេច ហើយជំរុញទំនាក់ទំនងរវាងយោធាទាំងពីរឱ្យឈានដល់កម្រិតថ្មី និងសម្រេចបាននូវការអភិវឌ្ឍថ្មីបន្ថែមទៀត។

លោក សង្កត់ធ្ងន់ថា ក្នុងនោះការទុកចិត្ត ប្រៀបដូចជា ដើមឈើដែលចាក់ឫសក្នុងដីដ៏រឹងមាំ ហើយមានជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនងយោធារវាងចិននិងកម្ពុជា បានឆ្លងកាត់ ការសាកល្បងនៃការចលាចលអន្តរជាតិគ្រប់ទិដ្ឋភាព រាល់ការប៉ុនប៉ងបង្កាច់បង្ខូច នឹងត្រូវបញ្ចប់ដោយបរាជ័យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ