សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ពិសេសជាមួយស្ដ្រី ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌
ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ។
ការអំពាវនាវរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពេលមហាជនពិសេសអ្នកលេងបណ្តាញសង្គម កំពុងនាំគ្នាប្រតិកម្មយ៉ាងចាស់ដៃ លើ MC កីឡាករប្រដាល់ម្នាក់ ដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើតារាបង្ហាញម៉ូត និងជាតារាសម្តែងកញ្ញា មុនីរស្មី។
តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងមួយរយៈនេះ សម្ដេច សង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។
សម្ដេច គិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងពីសកម្មភាពឬពាក្យសំដីទាំងនោះទេ។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជន ធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ»។
សម្ដេច បន្ដថា «បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្មីថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។ សូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឲ្យអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឲ្យអ្នកដទៃធ្វើមកលើយើង»៕