ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ លើបុរសជនជាតិអង់គ្លេស ខណៈអ្នកដំណើរសរុបចំនួន ៧៣នាក់កំពុងដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃក្រសួងសុខាភិបាល នៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០១នាក់ លើបុរសជនជាតិអង់គ្លេស។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិអង់គ្លេសដែលរកឃើញមានកូវីដ១៩នេះ អាយុ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់ បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។ លទ្ធផល វិភាគវត្ថុសំណាករបស់បុរសនេះ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

ក្រសួងបញ្ជាក់ទៀតថា ជើងហោះហើរដែលរកឃើញមានកូវីដ១៩ លើបុរសជនជាតិអង់គ្លេសនេះ មានអ្នកដំណើរសរុបចំនួន ៧៣នាក់ (ស្រី្ត ២១នាក់ និង កុមារី ០៣នាក់) ។ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា សម្រាប់អ្នកដំណើរផ្សេងទៀត តាមជើងហោះហើរនេះ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារក្នុងរាជធានីភ្នំពេញចំនួន៥៤នាក់, មណ្ឌលកងទ័ពអាកាសចំនួន១៧នាក់ និងនៅស្ថានទូតអាល្លឺម៉ង់ចំនួន០២នាក់ (ជាមន្ត្រីការទូត)។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០១នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ