អ៊ឺរ៉ុប៖ កាលពីយប់មិញ មានការប្រកួតយ៉ាងស្វិតស្វាន ក្រុម Manchester United បានយកឈ្នះលើក្រុម LASK ក្នុងលទ្ធផល ២-១ ហើយក្រុម Inter Milan បានផ្តួល Getafe ក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ ក្នុងការប្រកួតដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែបញ្ហាវីរុសកូរ៉ូណា ដើម្បីកក់កៅអីរបស់ខ្លួនរៀងៗខ្លួន ក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League។

យ៉ាងណាមិញ ក្រុមបិសាចក្រហម Man United បាននាំមុខ ៥-០ រួចជាសេចពីការប្រកួតជើងទី១កាលពីខែមីនា ហើយនិងត្រូវប៉ះជាមួយនឹងក្រុម Copenhagen ដែលបានយកឈ្នះ ៣-០ នៅរាត្រីដដែលនោះ លើក្រុម Istanbul Basaksehir។ ចំណែកឯ ក្រុម Inter Milan របស់លោក Antonio Conte នឹងត្រូវប៉ះជាមួយនឹងក្រុម Rangers របស់លោក Steven Gerrard ឬក្រុម Bayer Leverkusen ខណៈដែលក្រុមរបស់អាល្លឺម៉ង់ កំពុងតែនាំមុខ ៣-១ មុននឹងឈានទៅកាន់ការប្រកួតជើងទី២ នៅរាត្រីនេះ។ បើទោះបីក្រុម Man United បាននាំមុខយ៉ាងកក់ក្តៅពីការប្រកួតជើងទី១ កាលពីខែមីនាក៏ដោយ ប៉ុន្តែក្រុមភ្ញៀវ ពិតជាបានផ្តល់ការលំបាកដល់ក្រុមម្ចាស់ផ្ទះ។

ស្របពេលជាមួយគ្នានេះ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ Man United បានបញ្ជាក់កាលពីថ្ងៃពុធថា ការផ្ទេររបស់កីឡាករ Alexis Sanchez ទៅកាន់ Inter Milan បានក្លាយជាការផ្ទេរជាផ្លូវការហើយ។ ខ្សែបម្រើអន្តរជាតិស៊ីលី Sanchez វ័យ៣១ឆ្នាំ ដែលបានចូលរួមជាមួយនឹងក្លិប Inter កាលពីខែសីហា ឆ្នាំមុន ក្រោយពីចំណាយពេល១រដូវកាលកន្លះ បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣១លើកសម្រាប់ក្រុម Inter៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ