លោក ឃីម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានជម្រាបជូនដល់សាធារជនទាក់ទងនឹង ការហាមឃាត់ការធ្វើអាជីវកម្មសាច់ឆ្កែនៅក្នុងស្រុកបន្ទាយស្រី បានអនុវត្តដល់ណាហើយ?
លោក ឃឹម ហ្វីណង់ បានឱ្យដឹងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់លោកថា កាលពីម្សិលមិញនេះ មន្ត្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រីបានសហការជាមួយមន្ត្រីមកពីមន្ទីរកសិកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យកន្លែងទិញលក់សត្វឆ្កែនៅក្នុងទូទាំងស្រុកបន្ទាយស្រី និងបានសង្កេតឃើញថា កន្លែងដែលទិញលក់ធំជាងគេនៅក្នុងស្រុក(និងក៏ជាកន្លែងធំជាងគេនៅក្នុងខេត្តសៀមរាបដែរនោះ) បានបញ្ឈប់ការធ្វើអាជីវកម្មរបស់ខ្លួនហើយ ប៉ុន្តែនៅសល់ចំនួន២កន្លែងទៀតដែលកំពុងធ្វើអាជីវកម្ម ហើយត្រូវបានទទួលការណែនាំសាជាថ្មីឲ្យបញ្ឈប់អាជីវកម្មផងដែរ។
លោកបានបន្តថា ក្នុងដំណាក់កាលនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងបន្តប្រកាន់ជំហរទន់ភ្លន់លើបញ្ហានេះ ផ្តល់អាទិភាពទៅលើគោលការណ៍ស្ម័គ្រចិត្ត និងការណែនាំអប់រំឲ្យបញ្ឈប់ច្រើនជាងការចាប់បង្ខំ ហើយរដ្ឋបាលស្រុកក៏កំពុងធ្វើការជាមួយអង្គការសង្គ្រោះសត្វកម្ពុជា (Animal Rescue Cambodia) និងអង្គការ ហ្វរផរ (Four Paws) ដើម្បីរិះរកវិធីជួយសម្រួលដល់ការផ្លាស់ប្តូរមុខរបរថ្មីរបស់បងប្អូនអាជីវករក្នុងដំណាក់កាលអន្តរកាលនេះ។
អភិបាលស្រុកវ័យក្មេងរូបនេះ សង្ឃឹមថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ បន្ទាយស្រីនឹងក្លាយទៅជាស្រុកដែលគ្មានការជួញដូរសាច់ឆ្កែទាំងស្រុង និងស្តារមកវិញនូវកិត្តិនាមជាស្រុកទេសចរណ៍ដែលមានការអោយតម្លៃទៅលើអាយុជីវិត និងសុខមាលភាពរបស់សត្វឆ្កែ។
សូមបញ្ជាក់ថា ការលួច ការជួញដូរ ការដឹកជញ្ជូន សម្លាប់ និងលក់សត្វឆ្កែដើម្បីយកសាច់ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរអោយបារម្ភ ដែលក្នុងនោះស្រុកបន្ទាយស្រីត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងកំពុងប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។
ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ស្រុកបន្ទាយស្រី និងខេត្តសៀមរាប តួយ៉ាង មានសារពត៌មានអន្តរជាតិចំនួន១៨០បណ្តាញ បានធ្វើការចុះផ្សាយរិះគន់នៅលើគេហទំព័ររបស់ពួកគេ ក្នុងអំឡុងពីខែវិច្ឆិកា និងខែធ្នូ២០១៩៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ