ភ្នំពេញ ៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផលិតផល ជលផលធម្មជាតិ ដែលប្រមូលទិញប្រជានេសាទខ្មែរ បាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង  នាថ្ងៃទី១៤ កញ្ញា។

ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ ចំណែកផលិតផលជលផលដែលនាំចេញមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប ១០ តោន។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងកសិកម្ម នាថ្ងៃទី១៥ កញ្ញា នេះ កញ្ញា អ៊ឹម រចនា បានគូសបញ្ជាក់ថា «ការនាំចេញជើងដំបូងនេះ គឺជាជោគជ័យមួយជំហាន និងថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ»។ ការងារអាទិភាពដំបូង  គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ 

ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការ របស់អតិថិជននៅលើទីផ្សារប្រទេសចិន។

នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជា ទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ   អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។ តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខ  និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ