(ភ្នំពេញ)៖ក្រសួងធនធានទឹក និងឧត្តុនិយម បានព្រមានពីការជះឥទ្ធិពលព្យុះថ្មីមួយទៀត ដែលមានឈ្មោះ នូល (NOUL) មកលើប្រទេសកម្ពុជា ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ និងមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តជាប់នឹងមាត់សមុទ្រ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ស្តីពីស្ថានភាពព្យុះទី១១ នូល (NOUL) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ។
សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ព្យុះទី១១ នូល (NOUL) ឆ្លងកាត់ប្រទេសភីលីពីន នៅវេលាម៉ោង១ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ។ បើយោងតាមការព្យាករព្យុះនេះនឹងធ្វើដំណើរចូលទៅដល់ឆ្នេរដាណាង ប្រទេសវៀតណាម ភាគកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ហើយបន្តដំណើរចូលតំបន់ផ្ទៃទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសឡាវ និងប្រទេសថៃ។
តាមលក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា មានស្លានភាពដូចខាងក្រោម៖
ទី១៖ បណ្តាខេត្តនៅតាមតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន។
ទី២៖ បណ្តាខេត្តនៅជាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភូមិភាគឦសាននឹងអាចមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន រួមជាមួយខ្យល់បង្គួរ អាចប្រឈមខ្ពស់នឹងទឹកជំនន់ភ្លៀង (Flash Flood)។
ទី៣៖ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ទី៤៖ ស្ថានភាពនៃទឹកទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្ត បន្ទាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ