កូរ៉េខាងជើង៖នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំសរុបជាង២០០គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន២របស់កូរ៉េខាងត្បូង ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន BBC នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។

សេចក្តីបង្គាប់ឱ្យជម្លៀសប្រជាជននៅទីនោះ ត្រូវបានធ្វើឡើងក្រោមសំណើរបស់យោធាកូរ៉េខាងត្បូង។ ចំណែកឯ អ្នកស្រុកលើកោះមួយទៀតគឺ Baengnyeong ដែលនៅក្បែរព្រំដែនសមុទ្រដូចគ្នានោះ ក៏ត្រូ វបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព ផងដែរ។

យោធាកូរ៉េខាងត្បូង បាននិយាយថា ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពបង្កហេតុ ដែល បង្កើនភាពតានតឹង និងគំរាមកំហែងសន្តិភាពនៃតំបន់ឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ការបាញ់សព្វា វុធនោះ មិនបានបង្កឱ្យមានការខូចខាតផ្នែកស៊ីវិល ឬយោធានៅកូរ៉េខាងត្បូងឡើយ។ 

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១០ កូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់សំដៅមកលើកោះ Yeonpyeong និងបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះរួមមានជនស៉ីវិល២នាក់។ វាគឺជាការវាយប្រហារធ្ងន់បំផុតមួយរបស់ទីក្រុងព្យុងយ៉ាង មកលើប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ទៅ ក្រោមបទឈប់បាញ់កាលពីឆ្នាំ១៩៥៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ