កូរ៉េជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតជាច្រើនគ្រាប់ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីការបញ្ចប់នៃសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលកូរ៉េខាងជើងចាត់ទុកថាជាការហាត់សមឈ្លានពាន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៨ ខែមីនានេះ ។

ក្រសួងការពារជាតិជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៣ គ្រាប់ ពោល ២ គ្រាប់នៅម៉ោង ៧ និង ៤៤ នាទីព្រឹក និងមួយគ្រាប់ទៀតកើតឡើងប្រហែល ៣៧ នាទីក្រោយមក ហើយបានធ្លាក់ក្នុងដែនទឹករវាងឧបទ្វីបកូរ៉េ និងជប៉ុន តែមិនមានការខូចខាត ឬរបួសណាមួយត្រូវបានរាយការណ៍នោះឡើយ ។


នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្កោលទោសការធ្វើតេស្តមីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងថាជាសកម្មភាព “គំរាមកំហែងដល់សន្តិភាព និងសុវត្ថិភាពរបស់ប្រទេសជប៉ុន រួមទាំងក្នុងតំបន់ និងសង្គមអន្តរជាតិ” ផងដែរ ។យោងតាមការវាយតម្លៃរបស់ជប៉ុន និងកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានបាញ់ចេញពីតំបន់រដ្ឋធានីរបស់ខ្លួនបានហោះហើរក្នុងចម្ងាយពី ៣០០ ទៅ ៣៥០ គីឡូម៉ែត្រ និងឈានដល់រយៈកម្ពស់អតិបរមា ៥០ គីឡូម៉ែត្រ ខណៈចម្ងាយបាញ់បង្ហោះបង្ហាញថា មីស៊ីលនេះសំដៅលើមូលដ្ឋានសំខាន់ៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ដូចជាទីបញ្ជាការយោធាជាដើម ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ