ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ មានការទទួលខុសត្រូវខ្ពស់ទៅលើការបែងចែកវេនប្រចាំការ ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ ដែលអាចកើតមានឡើងជាយថាហេតុ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំងនគរបាលចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៣អង្គភាព រួមមាន ៖ នាយកដ្ឋាននគរបាលការពារ អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានស្នើដល់ប្រធាន អនុប្រធាន និងមន្ត្រីក្រោមឱវាទនៃអង្គភាព ត្រូវធ្វើការគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកក្នុងការត្រៀមសង្គ្រោះនូវហេតុការណ៍ណាមួយនៅក្នុងសង្គម ជាក់ស្តែងសម្រាប់រដូវក្តៅនេះ អាចនិងមានគ្រោះអគ្គិភ័យ រីឯរដូវវស្សាក៏អាចបង្កជាគ្រោះមហន្តរាយផ្សេងៗ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «ក្នុងឱកាសចូលឆ្នាំខ្មែរដែលនឹងមកដល់ខាងមុខនេះ ស្នើឲ្យមានការទទួលខុសត្រូវខ្ពស់ទៅលើការបែងចែកវេនប្រចាំការ ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ និងត្រៀមជួយសង្រ្គោះរាល់ហេតុការណ៍ដែលកើតឡើងជាយថាហេតុ»។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា នាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការនគរបាលជាតិ ត្រូវតែមានកម្លាំងប្រចាំការ២៤លើ២៤ម៉ោង ដើម្បីទទួលនូវព័ត៌មាន និងដោះស្រាយរាល់បញ្ហាដែលកើតឡើងជាយថាហេតុ។ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើឲ្យនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធដែលត្រូវបង្ការ និងទប់ស្កាត់ចំពោះបទល្មើសផ្សេងៗ នៅពេលដែលប្រជាពលរដ្ឋចេញទៅកំសាន្តនៅតាមបណ្តាខេត្តក៏ដូចជារមណីដ្ឋាន នគរបាលនៅតាមូលដ្ឋានទាំងអស់ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ចោរកម្ម ក៏ដូចជាករណីលួច ឆក់ប្លន់នៅតាមដងផ្លូវ ករណីគាស់ផ្ទះ ត្រូវប្រចាំការនៅកន្លែងដោយមានការបែងចែកវេនផ្លាស់ប្តូរគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ