ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១១ ខែកញ្ញានេះថា ករណីទី២៧៤ ដែលជាអ្នកជំងឺកូវីដ១៩ ចុងក្រោយគេបង្អស់ ត្រូវបានព្យាបាលជាសះស្បើយហើយ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ អ្នកជាសះស្បើយចុងក្រោយគេនេះ ជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ១៨ឆ្នាំ នៅស្នាក់នៅខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរ នៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន ១០០% លើកទី១ ម្តងរួចទៅហើយ ដែលនៅពេលនោះ ប្រទេសកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ប៉ុណ្ណោះ។ ករណីទី១២២នោះ គឺជាស្ត្រីជនជាតិខ្មែរអាយុ ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ត្រូវបានព្យាបាលជាសះស្បើយចុងក្រោយគេបង្អស់ផងដែរនៅពេលនោះ។

គួរបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៤នាក់ និងបានព្យាបាលជាសះស្បើយទាំង ២៧៤នាក់។ នៅកម្ពុជា មិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ