លោករស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ ខេត្តស្វាយរៀងមានរោងចក្រ-សហគ្រាសចំនួន ១៨រោងចក្រ-សហគ្រាស បានព្យួរការងារ និងបានប៉ះពាល់ដល់កម្មករនិយោជិតចំនួន ១០,៦២៨នាក់ ក្នុងនោះស្រីមាន ៨,០៨៥នាក់។ លោកអភិបាលរងខេត្តស្វាយរៀងថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្វាយរៀង”ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៧កក្កដានេះ។

ជាមួយគ្នាលោកអភិបាលរងខេត្តស្វាយរៀងបានបញ្ជាក់បន្ថែមថា ក្នុងចំណោមកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារសរុបទាំង១០,៦២៨ មានកម្មករនិយោជិតចំនួន ៨,២០២នាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចំនួន ៤០ដុល្លារអាមេរិកក្នុងមួយខែ។ ម្យ៉ាងលោកអភិបាលរងរូបនេះក៏បញ្ជាក់ផងដែរថា ទាក់ទងនឹងប្រាក់ឧបត្ថម្ភចំនួន ៣០ដុល្លារអាមេរិកក្នុងមួយខែពីសំណាក់រោងចក្រ-សហគ្រាស ជូនដល់កម្មករនិយោជិតក៏ពុំមានបញ្ហាអ្វីឡើយ ខណៈមានការចរចាររវាងកម្មករនិយោជិត ជាមួយនឹងនិយោជក ដោយអាចបើកប្រាក់ឧបត្ថម្ភនេះបានដូចរលូននិងពុំមានបញ្ហាអ្វីឡើយ។

សូមជម្រាបថាខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១កន្លែង ដោយកំពុងដំណើរការចំនួន ៨កន្លែង ក្នុងនោះមានរោងចក្រ-សហគ្រាសសរុប ១១៣កន្លែង និងបានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ