បរទេស៖លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ភពផែនដីនេះអាចបញ្ចប់គ្រាអាសន្នបង្កឡើងដោយវីរុសរាតត្បាតសកល Covid-19 នៅឆ្នាំនេះ ទោះបីជាវីរុសនេះបានសម្លាប់មនុស្សរៀងរាល់ ១២វិនាទីកាលពីសប្ដាហ៍មុនក៏ដោយ។ 

លោកវេជ្ជបណ្ឌិត ប្រាប់គណៈកម្មការប្រតិបត្តិរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិថា យើងអាចបញ្ចប់វីរុសរាតត្បាតសកល Covid-19 ដែលគ្រាអាសន្នសុខភាពសាធារណៈសកល ហើយយើងអាចបញ្ចប់បាននៅឆ្នាំនេះ។

លោកបន្តថា ដើម្បីបញ្ចប់ចាំបាច់ត្រូវធ្វើការឲ្យកាន់តែសកម្មភាពថែមទៀត ដោយធានាឲ្យបាននូវសមភាពវ៉ាក់សាំង និងការព្យាបាល ការតាមដានវីរុស និងវីរុសបម្លែងខ្លួនថ្មី ក្នុងនោះលោកទទូចថា សូមឲ្យបណ្ដាប្រទេសលើពិភពលោកបង្កើនការបរិច្ចាគវ៉ាក់សាំងដល់ប្រទេសក្រីក្រ ដោយអំពាវនាវដល់ប្រទេសទាំងអស់ចាក់វ៉ាក់សាំងឲ្យបានយ៉ាងហោចណាស់ ៧០% នៃចំនួនប្រជាជនរបស់ខ្លួននៅពាក់កណ្ដាលឆ្នាំនេះ។

លោក Tedros និយាយថា ចំនួនពាក់កណ្ដាលនៃរដ្ឋជាសមាជិករបស់អង្គការសុខភាពពិភពលោក ពុំបានឈានដល់គោលដៅដែលធ្លាប់បានសន្យានៃការចាក់វ៉ាក់សាំង ៤០% ដល់ប្រជាពលរដ្ឋរបស់ខ្លួននៅដំណាច់ឆ្នាំ២០២២ នេះទេ ហើយ ៨៥% នៃប្រជាជននៅក្នុងអាហ្វ្រិកមិនទាន់ទទួលបានវ៉ាក់សាំងសូម្បីមួយដូស។ លោកថា យើងមិនអាចបញ្ចប់ដំណាក់កាលគ្រាអាសន្ននៃជំងឺរាតត្បាតសកលនេះបានទេ លុះត្រាយើងបានឈានដល់ចំណុចនេះ។

សូមបញ្ជាក់ថា ជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង ៥.៥លាននាក់ ចាប់តាំងពីវាបានលេចឡើងជាលើកដំបូងនៅចុងឆ្នាំ ២០១៩ ជាមួយគ្នានេះមានការកើនឡើងបន្ថែមក្រោយផ្ទុះឡើងនៃប្រភេទបំប្លែងថ្មី អូមីក្រុង ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ