កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី មានប្រសាសន៍ថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនានា ឱ្យស្របតាមការវិវត្តន៍សភាពការណ៍សន្ដិសុខជាតិ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា “ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ក្រសួងមហាផ្ទៃ បានដាក់កាព្វកិច្ចដល់កម្លាំងនគរបាលជាតិទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញ និងជំនាញពាក់ព័ន្ធទាំងអស់ ស្របតាមការវិវត្តន៍សភាពការណ៍សន្ដិសុខជាតិ និងអន្ដរជាតិ ក្នុងន័យនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ពិតជាមានបេសកកម្មយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សរបស់កងកម្លាំងនគរបាលជាតិ ដែលមានភារកិច្ចបម្រើសង្គម និងប្រជាពលរដ្ឋ ឱ្យរស់នៅប្រកបដោយសេចក្ដីសុខសាន្ដ”។

សម្ដេចក្រឡាហោម បន្ដថា នាពេលបច្ចុប្បន្នក្រសួងមហាផ្ទៃ បានខិតខំលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិ ឱ្យកម្រិតស្ដង់ដារ ដើម្បីឱ្យធ្វើបាននូវការងារនេះ គឺពិតជាមានកិច្ចការងារជាច្រើនដែលត្រូវធ្វើ ជាពិសេស បណ្ឌិត្យសភានគរបាលកម្ពុជា និងភាពអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវរួបរួមគ្នាឱ្យកងកម្លាំងនគរបាលជាតិ មានសមត្ថភាពខ្ពស់ផងដែរ។

សម្ដេច នាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា ក្រសួង ក៏បានរៀបចំវិធានការរឹតត្បិតចំពោះការផ្ទេរចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ បើមិនដូច្នោះទេ បណ្ឌិត្យសភានគរបាលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលប៉ុន្មានដងទៀត ក៏មិនចប់ឡើយ ព្រោះមានអ្នកផ្ទេរចូលពីស៊ីវិល មកនគរបាលជាតិ ហើយក៏ជាផ្នែកមួយ ធ្វើកងកម្លាំងនគរបាលជាតិមានភាពខ្សោយផងដែរ។ សម្ដេច ស្នើដល់នាយកដ្ឋានបុគ្គលិក ត្រូវតែទទួលខុសត្រូវចំពោះ អ្នកផ្ទេរចូលមកនគរបាលជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ