អន្តរជាតិ៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុម ហេសបូឡា (Hezbollah) នៅក្នុងការវាយប្រហារតាមអាកាសលើយានជំនិះមួយគ្រឿងក្នុងប្រទេសលីបង់ ដោយកំណត់អត្តសញ្ញាណបុរសរូបនោះថាឈ្មោះ អ៊ីស្មែល អាល់ហ្ស៊ីន (Ismail Al-Zin) ដែលជាមេបញ្ជាការនៅក្នុងអង្គភាពមីស៊ីលប្រឆាំងរថក្រោះនៃកងកម្លាំង រ៉ាដវ៉ាន់ (Radwan) របស់ក្រុម ហេសបូឡា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី០១ មេសា ២០២៤។

យោធាអ៊ីស្រាអែលបាននិយាយថា លោក អាល់ហ្ស៊ីន មានចំណេះដឹងដ៏សំខាន់ទាក់ទងនឹងមីស៊ីលប្រឆាំងរថក្រោះ ហើយទទួលខុសត្រូវចំពោះការវាយប្រហារមីស៊ីលប្រឆាំងរថក្រោះរាប់សិបដង ប្រឆាំងនឹងជនស៊ីវិល សហគមន៍ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល។

ប្រភពស្និទ្ធនឹងក្រុមហេសបូឡា បាននិយាយថា លោក អាល់ហ្ស៊ីន មិនមែនជាឥស្សរជនជាន់ខ្ពស់ទេ ប៉ុន្តែបានបញ្ជាក់ថា លោកស្ថិតនៅក្នុងអង្គភាពវរជន រ៉ាដវ៉ាន់ របស់ខ្លួន។ ឥឡូវនេះអ៊ីស្រាអែលបានសម្លាប់សមាជិកប្រហែល ២៥ នាក់នៃអង្គភាពនេះ រួមទាំងមេបញ្ជាការយ៉ាងហោចណាស់បីនាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់គ្រាប់រ៉ូកែតចេញពីកំពូលភ្នំ និងភូមិនានានៅភាគខាងត្បូងលីបង់ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួនគឺក្រុម ហាម៉ាស ដែលបានធ្វើការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងអ៊ីស្រាអែល កាលពីមួយថ្ងៃមុននោះ ដែលបង្កឱ្យមានការវាយលុកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទាំងដីគោក អាកាស និងសមុទ្រនៅលើតំបន់ ហ្កាហ្សាស្ទ្រីប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ