ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងលោក ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខសិង្ហបុរី បានរួមគ្នាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលទាក់ទងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី។

ក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចក្រឡាហោម ស ខេង លោក ធាវ ឈី ហាន នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ភាគីទាំងពីរ បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ ទៅវិញ ទៅមក ពាក់ព័ន្ធទៅនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលទាក់ទងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី និងការខិតខំស្វែងរកនូវឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌតំបន់ តាមរយៈអាស៊ាន និងក្របខ័ណ្ឌអន្តរជាតិសំដៅទប់ស្កាត់បទល្មើសធំៗមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ សម្ដេច នាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងអំណរគុណរដ្ឋាភិបាលសិង្ហបុរី ដែលកន្លងមកបានរៀបចំបើកវគ្គបណ្តុះបណ្តាលសិក្ខាសាលា ឬកិច្ចប្រជុំផ្សេងៗដោយបានផ្តល់ឱកាសឱ្យមន្ត្រីអនុវត្តច្បាប់របស់កម្ពុជាបានចូលរួម។ សម្ដេច ក៏បានជម្រាបជូន លោក ទេសរដ្ឋមន្ត្រី ថា ភាគីទាំងពីរកំពុងតែជជែកពិភាក្សាដើម្បីរៀបចំឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា។

សម្ដេច ស ខេង បានបង្ហាញក្ដីសង្ឃឹមជឿជាក់ដែរថាការរៀបចំឲ្យមានឯកសារសហប្រតិបត្តិការនេះ គឺជាកិច្ចការមួយដែលសមស្របទៅនឹងបរិបទបច្ចុប្បន្នដែលប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរមានការធ្វើដំណើរទៅវិញទៅមកកាន់តែច្រើនឡើង មួយវិញទៀតនោះក៏សមស្របទៅនឹងកាលៈទេសៈនៃស្ថានភាពប្រែប្រួលនៃបទល្មើសឆ្លងដែន ពិសេសបទល្មើសមិនប្រពៃណី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ