កណ្ដាល ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា បើរកឃើញព័ត៌មានពិតប្រាកដថា មានការទម្លាក់មន្ដ្រីឱ្យទៅបម្រើនៅមូលដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នោះ គួរសុំលាចេញពីតំណែង ដោយត្រូវជ្រើសរើសមន្ដ្រីក្នុងដ្ឋានផ្ទាល់។

ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា កន្លងមកការជ្រើសរើសនគរបាលប៉ុស្ដិ៍ គឺមានការប្រឡង រួចហើយ ទើបបញ្ជូនឱ្យប៉ុស្ដិ៍ឃុំ-សង្កាត់ ប៉ុន្ដែមិនបានទទួលជោគជ័យឡើយ ព្រោះថា មនុស្សដែលប្រឡង់ជាប់នោះ មិនមែនរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ សម្ដេច បន្ដថា នាពេលបច្ចុប្បន្ននេះ មិនប្រឡងទៀតឡើយ គឺឱ្យជ្រើសរើសដោយផ្ទាល់នៅប៉ុស្ដិ៍រដ្ឋបាលឃុំ-សង្កាត់។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា «ខ្ញុំ ទទួលព័ត៌មានថា រៀបចំទម្លាកពីខេត្តទៅតែម្ដង ដាក់ទៅកន្លែងណាប៉ុន្មាន ហើយមិនមែនជាមនុស្សនៅកន្លែងណុង បើខ្ញុំរកឃើញពិតប្រាកដមែន ស្នងការនគរបាលទទួលខុសត្រូវមុនគេ បើជាការល្អ សុំដកខ្លួន សុំលាលែង កុំឱ្យដេញ ហើយអស់ស័កទៀត។ ព្រោះយើងចង់បានថា បើកូនចៅប្រជាពលរដ្ឋនៅកន្លែងណា ត្រូវដាក់កន្លែងណុង នៅឃុំ-សង្កាត់ ណុង»។

សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ការជ្រើសរើសមន្ដ្រីក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ គឺត្រូវចុះហត្ថលេខាដោយ គឺរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួចហើយបញ្ជូនទៅនាយកដ្ឋានបុគ្គលិក ដូច្នេះត្រូវជ្រើសរើសមន្ដ្រីក្នុងមូលដ្ឋានដោយផ្ទាល់។ ចំពោះការផ្ទេរចេញទៅកន្លែងផ្សេងៗ ក៏ត្រូវឆ្លងកាត់ការចុះហត្ថលេខាដោយ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ