ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះ អាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងឱកាសប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យទីម័រមានសន្តិសុខស្បៀង។

សម្តេច បន្តថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។

សម្តេច បានបញ្ជាក់បន្ថែមថា "ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន"។

នាឱកាសនោះ លោក នាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងនេះ ដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង។ 

លេីសពីនេះ នាយករដ្ឋមន្ត្រី ទីម័រខាងកើត បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមក ដើម្បីឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។ 

លោកនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ។

លោក នាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ