ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានដាស់តឿន ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវមានប្រភពច្បាស់លាស់ និងមានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តី ជំនាញ និងពិសារក្នុងកំរិតតិចបំផុត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដាស់តឿនពលរដ្ឋបែបនេះ ក្រោយពីមាន នៅខេត្តបន្ទាយមាន ជ័យ មានអ្នកពុលស្រា ចំនួន៤៣នាក់ ស្លាប់ចំនួន៧នាក់ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ហើយស្រានេះមិនមានប្រភពច្បាស់លាស់ ផងដែរ។

 

យោងតាមគេហទំព័ហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី១៣ មិថុនា នេះថា «សូមដាស់តឿនជាថ្មី ដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាស មានប្រភពច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត  ជាពិសេស ក្នុងកំឡុងពេលកំពុងមានការផ្ទុះឡើងនៃជំងឺ កូវីដ-១៩  ព្រោះទទួលទានស្រាល បណ្តាលឲ្យយើងធ្វេសប្រហែស និងងាយឆ្លងជំងឺ កូវីដ-១៩»។

នាយកដ្ឋាន ពន្យល់ថា ស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមការពុលចំណីអាហារជា ច្រើន ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការ ឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខា ភិបាល នៅតែប្រឹងប្រែងសហការជាមួយ ក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំ ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រា។ 

ជាងនេះទៅទៀត នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើការអំពាវនាវទៅដល់ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន មេត្តាពង្រឹងការត្រួតពិនិត្យសិប្បកម្ម និងទីតាំងផលិតស្រា ជាពិសេស លប់បំបាត់ទីតាំងផលិតស្រា ដែលមិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ