ភ្នំពេញ៖ ដើម្បីឲ្យវិស័យសូត្រខ្មែរមានភាពរស់រវើកឡើងវិញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការចិញ្ចឹមកូននាងស្រាវយកសូត្រ នៅប្រទេសកម្ពុជា មានភាពទំនើប ទាន់សម័យ និងប្រកបដោយចីរភាព ផងដែរ។


ក្នុងពិធីចុះអនុស្សរណៈរវាង គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងក្រុមហ៊ុនឯកជន ស្តីពី ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ បានរំលឹកថា រដ្ឋាភិបាលកម្ពុជា រៀបចំយុទ្ធសាស្ត្រសូត្រជាតិ ២០១៦-២០២០  ហើយយុទ្ធសាស្ត្រសូត្រជាតិនេះ នឹងធ្វើឲ្យការចិញ្ចឹមកូននាងស្រាវយកសូត្រ មានភាពទំនើបទាន់សម័យ។ 


លោកបន្ដថា ក្រសួងបានសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃសូត្រ ដើម្បីដោះស្រាយកង្វល់ និងពង្រីកវិស័យសូត្រ សម្រាប់សេដ្ឋកិច្ចជាតិ ដោយផ្អែកលើតម្រូវការផលិតផលសូត្រក្នុង និងក្រៅស្រុក។ 


លោកបន្ថែមថា ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសូត្រខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ជាចំណុចចាប់ផ្ដើមដំបូងនៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈលើអាជីវកម្មសូត្រឈានមុខ ក្នុងការបង្កើតកសិកម្មតាមកិច្ចសន្យា ដើម្បីផលិតសូត្រឆៅ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ