ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៦៩,៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់ការគាំទ្រការសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាឆ្នាំ២០២៣។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ។ ថវិកានេះត្រូវបានផ្តល់ជូនសម្រាប់គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ស្ថាប័នទទួលជំនួយ៖ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (គ.ប.ស.យ)។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានពន្យល់ដោយសង្ខេបអំពីការគាំទ្ររបស់ជប៉ុន សម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជប៉ុនតែងតែគាំទ្រ និងរួមដំណើរជាមួយកម្ពុជានៅលើមាគ៌ានៃការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ចាប់តាំងពីមុនការសម្រេចបាននូវសន្តិភាពនៅកម្ពុជា នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម្លេះ។

ឯកអគ្គរាជទូតជប៉ុន បានបន្តថា រដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំទ្រការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយបានបន្តការគាំទ្រការបោះឆ្នោតតាមមធ្យោបាយផ្សេងៗ ទាំងដោយផ្ទាល់ និងដោយប្រយោល រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកាន់កម្ពុជាសម្រាប់ការបោះឆ្នោតសកលកន្លងមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ