ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានបង្ហាញក្នុងសម័យប្រជុំ ហើយកម្ពុជា រក្សាបន្តប្ដេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សបន្ថែមទៀត ក្នុងព្រំដែននីតិរដ្ឋ និងស្ថាប័នទទួលខុសត្រូវ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។

សេចក្តីប្រកាសឲ្យដឹងទៀតថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥៥ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៥៧ ព្រមទាំងបានអនុម័ត សេចក្តីសម្រេចសរុបចំនួន៣៤ ស្ដីពីបញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។

ក្នុងអំឡុងកិច្ចប្រជុំរយៈពេល ៦សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍សរុបចំនួន១១ លើកបង្ហាញពីសមិទ្ធផលនិងវឌ្ឍនភាពរបស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។

គណៈប្រតិភូកម្ពុជា ក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្ដីពី ការពង្រឹងរបៀបរបបការងាររបស់ការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងប្រធានបទស្ដីពីស្ថានភាព សិទ្ធិមនុស្សនៅប្រទេសមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ក្នុងអំទ្បុងសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កម្ពុជាបានចូលឈ្មោះជាប្រទេស គាំទ្រសេចក្តីថ្លែងការណ៍រួមជាច្រើន លើប្រធានបទនានា ចាប់ពីសិទ្ធិស្ត្រី បញ្ញាសិប្បនិម្មិត សិទ្ធិទទួលបានស្បៀងអាហារ និងសិទ្ធិសន្តិសុខសង្គម និងសេវាសាធារណៈ រហូតដល់ ទម្រង់ប្រជុំនៅអង្គការសហប្រជាជាតិ ស្ថាប័ននិងយន្តការសិទ្ធិមនុស្ស ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ